Friday, February 06, 2015

អគារសាលាមត្តេយ្យទ្រុឌទ្រោម១កន្លែងត្រូវគេវាយកំទេចចោល លោកនាយកសាលានិងអាជ្ញាធរកំពុងស្វែងរកមុខអ្នកវាយអគារអោយមកទទួលខុសត្រូវ



កំពង់ឆ្នាំង៖មនុស្ស២ទៅ៣នាក់ កំពុងត្រូវបានលោកនាយកសាលា និងអាជ្ញាធរឃុំ ស្រុកស្វែងរកមុខអោយមកបកស្រាយបំភ្លឺ និងអោយទទួលខុសត្រូវក្នុងការលួចវាយ
អាគារថ្មសាលាមត្តេយ្យទ្រុឌទ្រោមមួយកន្លែងតាមទំនើងចិត្ត ដែលជាទ្រព្យសម្បត្តិ
សាធារណៈរបស់រដ្ឋនៃមន្ទីរអប់រំខេត្ត។ការវាយអគារសាលាមត្តេយ្យទ្រុឌទ្រោមខាង
លើនេះ  បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា 
ឆ្នាំ២០១៥  ស្ថិតនៅក្នុងភូមិចំការឃ្លៃ  ឃុំស្វាយជ្រុំ  ស្រុករលាប្អៀរ។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោក សោម វឺន អភិបាលស្រុករលាប្អៀរបាន
អោយដឹងថា៖ទាក់ទងនឹងរឿងខាងលើនេះនៅថ្ងៃទី០៣​ ខែកុម្ភៈនេះ លោកបានទទួលរបាយការណ៍មួយច្បាប់របស់លោក អូង ចាន់បូណ៌ ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុករលាប្អៀរ បានរាយការណ៍អោយ
ដឹងថា៖នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមការងារចំរុះបានចុះត្រួតពិនិត្យដី និងអគារទ្រុឌទ្រោមរបស់មត្តេយ្យសាលាស្វាយជ្រុំ ដែលត្រូវបានគេវាយបំផ្លាញ
រួចអស់ទៅហើយ ដែលសាលាមត្តេយ្យនេះមានទំហំ៥២៣ម៉ែត្រការ៉េ អាគារមានសភាពបែកបាក់នៅតែគ្រឹះសសរ និងជញ្ជាំងបន្តិចបន្តួចគ្មានដំបូលទេ ប៉ុន្តែបានបញ្ជូលក្នុងបញ្ជីរសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋរួចហើយ។នៅក្នុងរបាយ
ការណ៍នេះលោក ជា ណុំ ជានាយករងសាលាបឋមសិក្សាស្វាយជ្រុំបានអោយដឹងថា៖
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ប្រពន្ធលោក អៀ គុយម៉ុង ហៅក្តាន់ បានមកសុំ
ធ្វើការឈូសឆាយទីធ្លា នេះដើម្បីយកកន្លែងធ្វើបុណ្យ តែលោក ជា ណុំ បានប្រាប់ថា
គាត់មិនហ៊ានអនុញ្ញាតិធ្វើការឈូសឆាយទេ។លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ វេលាជាងម៉ោង៥ល្ងាចលោកគ្រូ នុត សារ៉ា បានឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព
ឈូសឆាយអគារនោះរាបដល់ដីទៅហើយ។នៅព្រឹកថ្ងៃទី២៨ លោក ស៊ីវ ចាន់ផល នាយកសាលាបឋមសិក្សាស្វាយជ្រុំបានធ្វើលិខិតជូនដំណឹងទៅលោកមេឃុំស្វាយជ្រុំ 
ជួយចាត់ចែង និងអញ្ជើញសាម៉ីជនមកបំភ្លឺ ព្រោះថាដីសាលាមត្តេយ្យនេះជាទ្រព្យ
សម្បត្តិរបស់រដ្ឋ ពុំមានលោកគ្រូណាម្នាក់មានសិទ្ធិលក់ដីសាលាមត្តេយ្យនេះឡើយ ទោះបីអាគារនោះទ្រុឌទ្រោមគ្មានសិស្សរៀនក៍ដោយ។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោក យី ភួន មេឃុំស្វាយជ្រុំនៅក្នុងសាលាឃុំ
ស្វាយជ្រុំ លោកបានបញ្ជាក់អោយដឹងថា៖ការលួចឈូសឆាយអគារសាលាមត្តេយ្យ
ស្វាយជ្រុំនេះ លោកមិនបានដឹងឡើយ។ក្នុងរឿងនេះក៍មានប្រជាពលរដ្ឋ ជាច្រើននាក់
បានសង្ស័យនិងរិះគន់ថា លោកឃុបឃិតលក់ដីនេះជាមួយលោកគ្រូៗអោយគេហើយ ទើបគេហ៊ានឈូសឆាយអគារសាលាមត្តេយ្យនេះ។ក្នុងរឿងនេះលោកសូមបញ្ជាក់
អោយច្បាស់ថា លោកមិនបានឃុបឃិតលក់ដីសាលាខនេះឡើយ ប្រសិនបើមានការ
ពាក់ព័ន្ធ ក្នុងការលក់ដីនេះមែននោះ លោកនឹងចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់
មិនរាថយឡើយ។
នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ លោក អៀ គុយម៉ុង ហៅក្តាន់ និងប្រពន្ធឈ្មោះ 
ឃូ សុខឆេង រស់នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ដែលត្រូវបានរងការចោទប្រកាន់ក្នុង
រឿងឈូសផ្តួលសាលាមត្តេយ្យខាងលើនេះបានបំភ្លឺអោយដឹងថា៖លោកទាំង២នាក់ប្តី
និងប្រពន្ធមិនមែនជាអ្នកអោយគេវាយឈូសឆាយទេ។សាលានេះ ជាដីចំណីផ្លូវ បើរដ្ឋកសាងផ្លូវចេញពីអាក់ផ្លូវជាតិ៣០ម៉ែត្រតាមគំរោងមែននោះ គឺប៉ះដីសាលានេះ
ទាំងអស់គ្មានសល់មួយម៉ែត្រឡើយ ហើយលោកក៏មិបានទិញដីសាលាមត្តេយ្យនេះ
ពីអ្នកណាដែរ។
ទាក់ទងនិងរឿងនេះកាលពីថ្ងៃទី២៥ ខែមករា ស្រ្តីឈ្មោះ ឃូ សុខឆេង បានជូនបងស្រី
ម្នាក់ឈ្មោះធី (ប្រពន្ធលោក កែន ជាជំទប់ទី២ឃុំស្វាយជ្រុំ)ជាអ្នករាប់អានគ្នាក្នុងភូមិ ដែលមានផ្ទះនៅពីក្រោយសាលានោះ ទៅសុំលោក ជា ណុំ នាយករងសាលាបឋម
សិក្សាស្វាយជ្រុំ វាយអគារទ្រុឌទ្រោមនេះចោល ដើម្បីយកកន្លែងធ្វើរោងបុណ្យក្នុង
ពេលខាងមុខ ពេលនោះលោក ជា ណុំ បានយល់ព្រមតែមិនបានធ្វើលិខិតស្នាមអីទេ ហើយនៅពេលស្រ្តីឈ្មោះធី ជួលគ្រឿងចក្រមកវាយនៅល្ងាចថ្ងៃទី២៧ ខែមករា ម្ចាស់គ្រឿចក្រមិនទាំងយកថ្លៃឈ្នួលវាយអគារនោះថែមទៀតផង  តែបែរជាលោក 
ជា ណុំ ថាមិនដឹងមិនអនុញ្ញាតទៅវិញ។លោក អៀ គុយម៉ុង បានបញ្ជាក់ទៀតថា លោកគ្រាន់តែជាអ្នកជួយរកជួលគ្រឿងចក្រអោយស្រ្តីឈ្មោះធី តែប៉ុណ្ណោះមិន
មែនជាអ្នកអោយគេវាយអគារសាលានេះទេ ចំណែកប្រពន្ធគាត់(ឈ្មោះ ឃូ សុខឆេង)
គ្រាន់តែជាអ្នកជូន ស្រ្តីឈ្មោះធី ដែលជាអ្នករាប់អានគ្នាទៅសុំលោក ជាណុំ នាយករងសាលាស្វាយជ្រុំប៉ុណ្ណោះ  រឿងនេះមិនពាក់ពន្ធ័ជាមួយគ្រួសារលោកទេ អ្នកចោទលោកខុសការពិតហើយ៕ Tharith




blogger